លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «តួនាទីអ្នកតំណាងក្នុងដំណើរការមជ្ឈត្តការ»
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «តួនាទីអ្នកតំណាងក្នុងដំណើរការមជ្ឈត្តការ»
នារសៀលថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានសហការរៀបចំសិក្ខាសាលា ស្តីពី តួនាទីអ្នកតំណាងក្នុងដំណើរការមជ្ឈត្តការ» ក្រោមអធិបតីភាពរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងលោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសគឺលោកមេធាវី អ៊ីវ ប៉ូលី និងលោក សាន គីរី មជ្ឈត្តករជីនៃ ម.ជ.ម និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី សិស្សមេធាវីជំនាន់ទី២០ ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ១១៦ នាក់។ សិក្ខាសាលានេះត្រូវរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណុចសំខាន់ចំនួន២ គឺការត្រៀមខ្លួននៅដំណាក់កាលមុនពេលចាប់ផ្តើមនីតិវិធី និងដំណើរការក្នុងនីតិវិធីមជ្ឈត្តការ។ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក៏បានអញ្ជើញជាអធិបតីភាព ព្រមទាំងថ្លែងមតិសំណេះសំណាល និងស្វាគមន៍ ក្នុងអង្គពិធី ផងដែរ។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានអញ្ជើញថ្លែងបើកកម្មវិធី នាពេលនោះ លោកប្រធានមានប្រសាសន៍ថា លោកបានដាក់ចេញនូវគោលនយោបាយ៩ចំណុច «ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ក្នុងនោះគោលនយោបាយទី១ របស់លោក គឺ «ចូលរួមជាមួយរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការ អនុវត្តច្បាប់»។ ហើយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) បានសហការគ្នារៀបចំ សិក្ខាសាលាជាច្រើនលើករួចមកហើយ តាមរយៈអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ និងសិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំក្នុងគម្រោងអនុស្សរណៈនៃការយោគយល់ លើកទី២ ដែលបានចុះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបន្តដល់មេធាវីនូវកិច្ចការពាក់ព័ន្ធនឹងដំណើរការ និងតួនាទីរបស់មេធាវីក្នុងសំណុំរឿងនៅម.ជ.ម ដើម្បីជម្រុញឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដែលស្របនឹងគោលនយោបាយរបស់លោក។ បន្ថែមពីនេះ លោកប្រធាន ក៏បានជំរុញ និងលើកទឹកចិត្តឱ្យសហភាតាចូលរួមសិក្ខាសាលា និងការបណ្តុះបណ្តាលនានាកាន់តែច្រើន និងបានផ្តាំផ្ញើបងប្អូនសហភាតាដែលបានចូលរួម ជួយប្រាប់និងបបួលសហភាតាដទៃទៀតឱ្យខិតខំពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈចូលរួមសិក្ខាសាលា និងការបណ្តុះបណ្តាលជាដើម។ លើសពីនេះទៅទៀត លោកប្រធាន មានមោទនភាពដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញវ័ន្តដែលមានឆន្ទៈ មោះមុតក្នុងការចែករំលែក និងចូលរួមជាមួយគណៈមេធាវី ក៏ដូចជាមួយលោក ក្នុងការលើកកម្ពស់ចំណេះដឹងច្បាប់ និងផ្សព្វផ្សាយដល់សហភាតាដទៃទៀត ឱ្យបានយល់ដឹងបន្ថែម ហើយអាចយកទៅអនុវត្តការប្រកបវិជ្ជាជីវៈ របស់ខ្លួនបាន ស្របនឹងទិសស្លោករបស់លោក «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។ ចុងបញ្ចប់នៃកម្មវិធី លោកស្រីមេធាវី ហួត លីនដា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធី ដោយបានថ្លែងថា លោកស្រីមេធាវី ជឿជាក់ថា បងប្អូនសហភាតា ពិតជាបានយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់មេធាវីក្នុងដំណើរការក្នុងរឿងក្តី មជ្ឈត្តការ ដែលនឹងក្លាយជាចំណេះដឹងថ្មីសម្រាប់បងប្អូនសហភាតា ហើយការបណ្តុះបណ្តាលរួមគ្នារវាងគណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នឹងផ្តល់ជាផ្លែផ្កាគាប់ប្រសើរសម្រាប់បងប្អូនសហភាតាទាំងអស់ក្នុងការអនុវត្តវិជ្ជាជីវៈ ឱ្យបានសមស្របតាមច្បាប់សំដៅទទួលបាននូវគោលដៅចុងក្រោយ គឺទំនុកចិត្តពីកូនក្តី និងទស្សនៈ ជាវិជ្ជមានពីសាធារណៈជនចំពោះវិជ្ជាជីវៈមេធាវី។