លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា


នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ បានជួបពិភាក្សាការងារជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងប្រតិភូនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបុគ្គលដែលមានកាតព្វកិច្ចរាយការណ៍ជាមេធាវី។ ថ្លែងក្នុងការចាប់ផ្តើមកិច្ចប្រជុំនេះ ឯកឧត្តម ហេង បូមករា បានបង្ហាញជូនអំពីលក្ខខណ្ឌនៃសកម្មភាពអាជីវកម្មមួយចំនួនដែលបានកំណត់ឱ្យមេធាវីក្លាយជាបុគ្គលដែលមានកាតព្វកិច្ចរាយការណ៍ ដូចមានកំណត់ក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ភ្ជាប់ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកឡើងនូវសំណូមពរមួយចំនួនទៅកាន់គណៈមេធាវី ដើម្បីធានាឱ្យបាននូវការអនុវត្តកាន់តែមានប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់ជាធរមាន។ សំណូមពរទាំងនោះ រួមមាន៖ ១. ស្នើសុំឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅបង្កើនការយល់ដឹងអំពីការអនុវត្តច្បាប់ ឱ្យកាន់តែមានភាពត្រឹមត្រូវ និងច្បាស់លាស់បន្ថែមទៀតនៅក្នុងការអនុវត្តវិជ្ជាជីវៈមេធាវីដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ២. ស្នើសុំឱ្យគណៈមេធាវីសម្របសម្រួលផ្តល់ជូននូវឈ្មោះ និងការិយាល័យមេធាវីដែលបានចុះបញ្ជីនៅគណៈមេធាវី ដើម្បីអាចឱ្យអង្គភាពពិនិត្យអំពីស្ថានភាពនៃបុគ្គលរាយការណ៍ ក្នុងគោលដៅកំណត់អំពីបុគ្គលទាំងនោះ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃការអនុវត្តកាតព្វកិច្ចផងដែរ។ ៣. ស្នើសុំកិច្ចសហការពីគណៈមេធាវីដើម្បីជូនកម្រងសំណួរទៅមេធាវីដើម្បីបំពេញ ក្នុងគោលដៅប្រមូលទិន្នន័យស្របតាមការវាយតម្លៃជាសកល។ ជាការឆ្លើយតប លោកប្រធានគណៈមេធាវីសាទរនឹងការលើកឡើងរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយនឹងអង្គភាពតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាបានបង្ហាញទៅអង្គភាពពីសកម្មភាពដែលគណៈមេធាវីបាននឹងកំពុងធ្វើ តាមរយៈការរៀបចំក្រុមការងារគណៈមេធាវីចូលរួមធ្វើការរួមគ្នាជាមួយអង្គភាព ពាក់ព័ន្ធនឹងតួនាទីរបស់មេធាវីក្នុងនាមជាបុគ្គលដែលមានកាតព្វកិច្ចរាយការណ៍ និងរៀបចំឱ្យមានសិក្ខាសាលា និងការបណ្តុះបណ្តាលដល់សមាជិកគណៈមេធាវីអំពីច្បាប់ស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ជាពិសេសកាតព្វកិច្ចរាយការណ៍របស់មេធាវីផងដែរ។

Z9 525792590 1282673830318502 2021100755913521812 n

Z10 524620886 1282674056985146 3505589351353299670 n

Z10 525770024 1282673873651831 6262682160944779324 n

Z11 527186708 1282674296985122 8314944040735319685 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top