ប្រធានគណៈមេធាវីដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំ របស់សមាគមច្បាប់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅ តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន

ហុងកុង៖ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់ សមាគមច្បាប់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) ស្តីពី “សុខុដុមនីយកម្មតាមរយៈការរួមបញ្ចូលគ្នា” ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេស ចិន។

 

នៅក្នុងអង្គសន្និសីទនេះមានការចូលរួមពីមេធាវី ក្រុមហ៊ុនមេធាវី សមាគមច្បាប់ អ្នកច្បាប់អន្តរជាតិ និងផ្នែកផ្សេងៗទៀត ប្រមាណជាជាង៦០០នាក់ ដើម្បីពិភាក្សា និងចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ នៅក្នុងអង្គសន្និសីទនោះបានជជែកពិភាក្សាលើប្រធានបទដូចជា នីតិរដ្ឋ ការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ធនាគារ និងហិរញ្ញវត្ថុ សិទ្ធិមនុស្ស ការគ្រប់គ្រងក្រុមហ៊ុនមេធាវីជាដើម។ សន្និសីទនេះក៏ជាឪកាសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងការបង្កើតនូវបណ្តាញ ឬទំនាក់ទំនងជាមួយអ្នកប្រកបវិជ្ជាជីវៈដែលមកពីតំបន់ផ្សេងៗទូទាំងពិភពលោក។

នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការរងនៃគណៈមេធាវីបានដឹកនាំគណៈប្រតិភូចូលរួមដកបទពិសោធន៍ នៅតុលាការកំពូលនៃតំបន់រដ្ឋ បាលពិសេសហុងកុង។ ក្នុងឪកាសនោះ គណៈប្រតិភូក៏ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីប្រធានតុលាការកំពូលហុងកុងផងដែរ។

នៅថ្ងៃបន្តបន្ទាប់នៃអង្គសន្និសីទនេះ គណៈប្រតិភូគណៈមេធាវីក៏បានចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាដែលមានវាគ្មិនជាច្រើនរយនាក់មកជុំវិញពិភពលោកដើម្បីជជែកពិភាក្សា និងចែករំលែកនូវបទពិសោធន៍ល្អៗនៅក្នុងវិស័យសង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពន្ធដារ បរិស្ថាន និងការងារជាដើម។

នៅក្នុងអង្គសន្និសីទនេះ លោកមេធាវី សួន វិសាល ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំLAWASIA ប្រធានគណៈមេធាវី នៃតំណាងប្រទេស និងតំបន់ ព្រមទាំងថ្នាក់ដឹកនាំប្រតិភូនៃប្រទេសផ្សេងៗដែលបានចូលរួមក្នុងអង្គសន្និសីទនេះផងដែរ។

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top