សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ
សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ
=======================================
ថ្ងៃ អង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងមេធាវីចំនួន ៦ រូប គឺលោកមេធាវី យុង ផានិត លោកស្រីមេធាវី ស៊ិន សុវ៉ន លោកមេធាវី ឆែ វិបុល លោកមេធាវី ជុំ អ៊ៀក លោកមេធាវី ញ៉ ញេន និងកញ្ញាមេធាវី លី រតនា ដើម្បីការពារក្តីដោយមិនយកកម្រៃដល់ជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចំនួន ៥ គឺសំណុំរឿងលេខ ៨៨៧ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សំណុំរឿងលេខ ១១៤០ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សំណុំរឿងលេខ ៦០០៥ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សំណុំរឿងលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងសំណុំរឿងលេខ ៧៨១៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជនជាប់ចោទទាំងនោះត្រូវបានចោទប្រកាន់ពី បទរួមគំនិតក្បត់ បទញុះញង់ឱ្យមានភាពធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់។ ការចាត់តាំងនេះ ធ្វើឡើងតាមការស្នើសុំពីសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារសិទ្ធិជនជាប់ចោទស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។
បន្ទាប់ពីបានទទួលសំណុំរឿង មេធាវីទាំង ៦ រូបខាងលើ បានសិក្សា ពិភាក្សា និងរៀបចំមធ្យោបាយការពារក្តីតាមវិធានវិជ្ជាជីវៈមេធាវីយ៉ាងយកចិត្តទុកដាក់បំផុត។
គួររំលឹកផងដែរថា គណៈមេធាវីតែងតែចាត់តាំងមេធាវីឱ្យជួយការពារក្តីជូនជនក្រីក្រ និងជនដែលគ្មានលទ្ធភាពពឹងពាក់មេធាវីនៅគ្រប់សាលាជម្រះក្តី តាមការស្នើសុំរបស់សាមីខ្លួននិងតុលាការ ដោយមិនយកកម្រៃ។ សម្រាប់ឆ្នាំ២០២០ នេះ គណៈមេធាវីបានចាត់តាំងមេធាវីឱ្យជួយការពារក្តីដោយមិនយកកម្រៃបានចំនួន ៥ ៨០៥ សំណុំរឿង។ ហើយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ (ពីឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០២០) គណៈមេធាវីបានចាត់តាំងមេធាវីការពារក្តីដោយមិនយកកម្រៃបានចំនួន ១៦ ១១៩ សំណុំរឿង មានជនជាប់ចោទសរុប ២៤ ៣៥១ នាក់ ក្នុងនោះមានស្ត្រីចំនួន ១ ៧៦៨ នាក់ និងកុមារចំនួន ៦ ០៨៣ នាក់។

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070