សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
==================================
ថ្ងៃ ពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០
បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មាននិងវិទ្យុបរទេសមួយ បានផ្សាយខុសពីការពិតទាក់ទងនឹងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈមេធាវីនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបំភ្លឺជូនដូចតទៅ៖
១.ការចាត់តាំងមេធាវី ៦ រូបជួយការពារសិទ្ធិឱ្យជនជាប់ចោទក្នុងសំណុំរឿងចំនួន ៥ តាមការស្នើសុំរបស់សាលាដំបូងរាជធានីភ្នំពេញ មិនមែនធ្វើឡើងត្រឹមតែពីរថ្ងៃមុនថ្ងៃសវនាការដូចការផ្សាយឡើយ។ ជាការពិត គណៈមេធាវីបានចាត់តាំងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ក្នុងសំណុំរឿងលេខ ៨៨៧ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សំណុំរឿងលេខ ១១៤០ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សំណុំរឿងលេខ ៦០០៥ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ និងសំណុំរឿងលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ តាំងតែពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកម៉្លេះ។
២.ការចាត់តាំងមេធាវីនេះ មិនមែនធ្វើឡើងខុសពីនីតិវិធីដូចការផ្សាយឡើយ។ តាមក្រមនីតិវិធីព្រហ្មទណ្ឌ ករណីបទឧក្រិដ្ឋ ត្រូវតែមានជំនួយពីមេធាវីដាច់ខាត នាពេលសវនាការ ជំនុំជម្រះ។ ជនជាប់ចោទអាចជ្រើសរើសមេធាវីការពារសិទ្ធិឱ្យខ្លួនដោយសេរី។ ប៉ុន្តែបើគ្មាន ការជ្រើសរើសមេធាវីដោយជនជាប់ចោទទេ ប្រធានតុលាការត្រូវស្នើសុំមកប្រធានគណៈមេធាវីដើម្បីចាត់តាំងមេធាវីជួយការពារសិទ្ធិឱ្យជនជាប់ចោទ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនិងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការចាត់តាំងមេធាវីការពារសិទ្ធិឱ្យ ជនជាប់ចោទនេះមិនមែនទើបតែអនុវត្តចំពោះ៥សំណុំរឿងខាងលើនោះទេ គឺបានអនុវត្តតាំងតែ ពីការបង្កើតគណៈមេធាវីមកម៉្លេះ។ គ្រាន់តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (ពីឆ្នាំ២០១៦ ដល់ ខែតុលា ឆ្នាំ២០២០) គណៈមេធាវីបានចាត់តាំងមេធាវីការពារក្តីដោយមិនយកកម្រៃបាន ១៦ ១១៩ សំណុំរឿង មានជនជាប់ចោទសរុប ២៤ ៣៥១ នាក់ ក្នុងនោះមានស្ត្រីចំនួន ១ ៧៦៨ នាក់ និងកុមារចំនួន ៦ ០៨៣ នាក់។ កន្លងមក និងក៏ដូចក្នុងសំណុំរឿងទាំង៥ខាងលើនេះ មេធាវីដែលត្រូវបានចាត់តាំង តែងតែចូលរួមការពារសិទ្ធិរបស់ជនជាប់ចោទដោយយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ គោរពវិធានវិជ្ជាជីវៈ ព្រមទាំងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070